ប្រទេសចិនហាមប្រាមមិនអោយ​កុំព្យូទ័រ​រដ្ឋាភិបាល​ទាំង​អស់​តម្លើង Windows 8 ប្រើប្រាស់

ប្រទេសចិនធ្លាប់មានរឿងច្រើនណាស់ទៅ​ហើយ​ទាក់​ទង​នឹង​ការ​ហាម​ប្រាម​នេះ​ជា​ច្រើន ហើយ​រដ្ឋា​ភិបាល​ចិន ក៏​មិន​សូវ​ជា​ត្រូវ​គ្នា​ប៉ុន្មាន​ដែរ​ជាមួយ​នឹង​ក្រុមហ៊ុន Google ហើយ​កាល​ពី​សប្ដាហ៍​មុន​នេះ​ទៀត របាយ​ការណ៍​របស់​រដ្ឋាភិបាល​ចិន​បាន​ចេញ​ប្រកាស​ជា​សាធារណៈ​អោយ​មហា​ជន​គ្រប់​ស្រទាប់​វណ្ណៈ​ដឹង​ថា រាល់​គ្រប់​កុំព្យូទ័រ​របស់​រដ្ឋាភិបាល​ចិន​ទាំង​អស់ ត្រូវ​បាន​ហាម​ប្រាម​មិន​អោយ​តម្លើង ឬ​ប្រើ​ប្រាស់ Windows 8 ឡើយ ដែល​នេះ​គឺ​ជា​ការ​ប្រកាស​សង្គ្រាម​មួយ​យ៉ាង​ធំ​រវាង​ចិន និង​ក្រុមហ៊ុន Microsoft។ ចុះ​ហេតុអី​បាន​ជា​ចិន​ធ្វើ​បែប​នេះ? នោះ​ក៏​ដោយសារ​តែ Microsoft បាន​ដាក់ Windows XP ចូល​និវត្តិន៍​ថ្មីៗ​កន្លង​ទៅ។











ជាការពិត Windows XP ដែលបាន​ចូល​និវត្តិន៍​នោះ​បាន​កំពុង​ដំណើរ​ការ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​ចិន​យ៉ាង​ហោច​ណាស់​ក៏ 70% ដែរ តែ Microsoft បែរ​ជា​ដាក់​វា​អោយ​ចូល​និវត្តិន៍​ទៅ​វិញ​ដោយសារ​តែ​វា​ចាស់​ណាស់​ទៅ​ហើយ រី​ឯ​ប្រព័ន្ធ​សុវត្តិភាព​របស់​វា​ក៏​ចុះ​អន់​ខ្សោយ​ដែរ ជា​ហេតុ​ធ្វើ​អោយ​មាន​ការ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ទៅ​លើ​ស្ថាប័ន​រដ្ឋ និង​ឯកជន​ជា​ច្រើន​ទូទាំង​ពិភព​លោក។ បាន​ជា​ដូច្នេះ​ហើយ​ទើប​រដ្ឋា​ភិបាល​ចិន​មិន​ចង់​ប្រឈម​មុន​នឹង​រឿង​ដដែលៗ ដែល​បាន​កើត​ឡើង​ថ្មីៗ​កន្លង​ទៅ ដោយ​មិន​ព្រម​អោយ​កុំព្យូទ័រ​រដ្ឋាភិបាល​ខ្លួន​តម្លើង ឬ​អោយ​ប្រើ​ប្រាស់ Windows 8 នោះ​ឡើយ តែ​សម្រាប់​ប្រជាជន​ពួក​គេ​អាច​ប្រើ​ប្រាស់​បាន​ដូច​ធម្មតា។











ដើម្បីដោះស្រាយបញ្ហានេះ ចិន ត្រៀម​នឹង​បង្កើត​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ថ្មី​ដោយ​ខ្លួន​ឯង​មួយ ដែល​ផ្អែក​ទៅ​លើ Linux-based OS សម្រាប់​អោយ​កុំព្យូទ័រ​រដ្ឋាភិបាល​របស់​ខ្លួន​ប្រើ​ប្រាស់ ជា​ជាង​ការ​ចំនាយ​ប្រាក់​រាប់​រយ​លាន​ដុល្លា​សម្រាប់ Microsoft។ គិតៗ​ទៅ​ចិន​មិន​មែន​ជា​ប្រទេស​ធម្មតា​នោះ​ទេ គឺ​មាន​សេដ្ឋកិច្ច​ខ្ពស់​ណាស់ តែ​បែរ​ជា​ទុក​អោយ​កុំព្យូទ័រ​រដ្ឋាភិបាល​របស់​ខ្លួន​ប្រើ​ប្រាស់ Windows ស៊េរី​ចាស់ៗ​ទៅ​វិញ ដែល​យើង​ទាំង​អស់​គ្នា​ពិបាក​នឹង​យល់​អំពី​បញ្ហា​នេះ។

No comments:

Post a Comment