ចិនដាក់លក់ទូរស័ព្ទក្លូន GooPhone i6 ដែល​មាន​រូប​រាង​ដូច iPhone 6 បេះបិទ

ប្រទេសចិន គឺជាប្រទេសឧស្សាហកម្ម​ដ៏​បំផុត​មួយ​នៅ​លើ​ពិភព​លោក​យើង​នេះ ដែល​យើង​សង្កេត​ឃើញ​ថា​ឧបករណ៍​ភាគ​ច្រើន​បំផុត សុទ្ធ​តែ​បាន​ផលិត និង​តម្លើង ហើយ​ប្រទេស​នេះ​ក៏​សំបូរ​ទៅ​ដោយ​ផលិត​ផល​ចម្លង និង​ក្លែង​ក្លាយ​ជា​ច្រើន​ផង​ដែរ។ កាល​ពី​មុន​អ្នក​ទាំង​អស់​គ្នា​ប្រាកដ​ជា​ធ្លាប់​បាន​ស្គាល់​រួច​មក​ហើយ​នូវ ​ទូរស័ព្ទ​ក្លែង​ក្លាយ​របស់​ចិន​ជា​ច្រើន​ដូច​ជា Galaxy S4, iPhone , Sony ហើយ​លើក​នេះ ក្រុមហ៊ុន GooPhone ដែល​ជា​ក្រុមហ៊ុន​ជំនាញ​ខាង​ចម្លង​រចនាបថ​ពី​គេ​នោះ បាន​ដាក់​លក់​ស្មាតហ្វូន​ដែល​មាន​រូប​រាង​ដូច​ទៅ​នឹង iPhone 6 ម្តង។
ទូរស័ព្ទចិនម៉ូឌែល GooPhone មួយនេះ​មាន​រូប​រាង​ដូចទៅ​នឹង​រូបភាព​បែក​ធ្លាយ​នានា​របស់ iPhone 6 ដែរ ដែល​មាន​អេក្រង់​ធំ​ល្មម​ទំហំ 4.7 អ៊ីញ មាន​រូប​រាង​ស្តើង មាន​ទ្រនាប់​ស្កេន​ម្រាម​ដៃ​ជា​ដើម។ ក្រុមហ៊ុន​ចិន​នេះ ដូច​ជា​លេង​សើច​ជាមួយ​ក្រុមហ៊ុន Apple បន្តិច​ហើយ ព្រោះ​អី iPhone 6 នៅ​មិន​ទាន់​បាន​ប្រកាស​ផង GooPhone ស្រាប់​តែ​មាន iPhone 6 ក្លែង​ក្លាយ​លក់​បាន​មុន​បាត់​ទៅ​ហើយ។
ទូរស័ព្ទនេះមានអេក្រង់ទំហំទំហំ 4.7 អ៊ីញ មាន​កម្រិត​ភាព​ច្បាស់ 960 x 540 ភិចសែល មាន​រ៉េម​ទំហំ 1GB ស៊ីភីយូ MediaTek Quad-core កាមេរ៉ា​ខាង​ក្រោយ​ទំហំ 13 មេហ្គា​ភិចសែល​អម​ជាមួយ​ភ្លើង​ជំនួយ និង​កាមេរ៉ា​ខាង​មុខ​ទំហំ 5 មេហ្គា​ភិចសែល។ ចំណែក​ឯ​ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​របស់​វា នោះ​គឺ Android Jellybean 4.2.2 តែ​រចនាបថ​ដូច​ទៅ​នឹង iOS 7 ដែរ។
ទូរស័ព្ទ iPhone 6 ក្លែងក្លាយរបស់ GooPhone នេះ​នឹង​ចាប់​ផ្តើម​ដាក់​លក់​នៅ​លើ​ទីផ្សារ ចាប់​ពី​ខែ​សីហា​ខាង​មុខ​នេះ​ត​ទៅ​ហើយ ដែល​វា​មាន​តម្លៃ​ថោក​ខ្លាំង​ណាស់ ត្រឹម​តែ 150$ តែ​ប៉ុណ្ណោះ។ កាល​ពី​ឆ្នាំ​មុន GooPhone ក៏​ធ្លាប់​បាន​បង្កើត​ទូរស័ព្ទ iPhone 5S ក្លែង​ក្លាយ​ម្តង​រួច​ទៅ​ហើយ ដែល​វា​មាន​រូប​រាង​ដូច​ទៅ​នឹង​របស់​ពិត​ខ្លាំង​ណាស់ អាច​ច្រឡំ​បាន។ សូម​មាន​ភាព​ប្រុង​ប្រយ័ត្ន​ខ្ពស់ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ទូរស័ព្ទ​ពពួក iPhone នេះ ព្រោះ​អី​នៅ​លើ​ទីផ្សារ​បច្ចុប្បន្ន គឺ​សំបូរ​ទៅ​ដោយ​របស់​ក្លែង​ក្លាយ។ 

No comments:

Post a Comment