
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញនៅរសៀលថ្ងៃទី០៤ ខែកញ្ញា ម្សិលមិញ បានបើកការជំនុំជម្រះលើសំណុំរឿង ស្ថិតក្នុងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ និងបង្កើតជាឧបសគ្គដល់ដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ ដែលមានជនជាប់ចោទ ចំនួន២នាក់ ឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា ភេទប្រុស និងឈ្មោះ ជូ សុងហេង ភេទប្រុស។ ពួកគេជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យស៊ីតិច ជំនាញព័ត៌មានវិទ្យា។
នៅក្នុងសវនាការ ជនជាប់ចោទឈ្មោះ ប៊ុន ឃីងមង្គលបញ្ញា បានសារភាពថា ខ្លួនពិតជាបានចូលទៅវាយលុក និង បំផ្លាញ (Hack) គេហទំព័រមួយចំនួនរបស់រាជរដ្ឋាភិបាល និងគេហទំព័រក្រុមហ៊ុនឯកជនរួមគេហទំព័រគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត, គេហទំព័រទីស្តីការគណៈរដ្ឋមន្ត្រី, គេហទំព័រសាលារាជធានីភ្នំពេញ គេហទំព័រអង្គភាពប្រឆាំងអំពើពុករលួយ, គេហទំព័រក្រុមហ៊ុនលក់កុំព្យូទ័រឆាយហុក និង គេហទំព័រធនាគារមួយចំនួនទៀតប្រាកដមែន។ ជនជាប់ចោទបន្តថា ខ្លួនបានចូលវាយលុក និងបំផ្លាញគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមុនគេ ក្នុងគោលបំណងទាញយកតារាងឈ្មោះអ្នកបោះឆ្នោតដែលខ្លួនគិតថាមានភាពមិនប្រក្រតីមកបង្ហោះ លើគណនីបណ្ដាញសង្គម (Facebook)របស់ខ្លួន។
ជនជាប់ចោទបន្តថា ក្រោយពីបានជោគជ័យលើការចូលវាយលុក និងបំផ្លាញគេហទំព័រមួយចំនួន ខ្លួនក៏បានទាក់ទង និងរៀនបន្ថែមពីក្រុមអនាមិកកម្ពុជា ដែលមានគណនីបណ្ដាញសង្គម (Facebook)ឈ្មោះ ចៅកំសត់ និងឈ្មោះ ឡុង វិរៈ។
ចំណែក ជនជាប់ចោទឈ្មោះ ជូ សុងហេង បានអះអាងថា ខ្លូនបានស្គាល់ឈ្មោះ ប៊ុន ឃីងមង្គលបញ្ញាតាមបណ្ដាញសង្គម (Facebook) ដែលមានឈ្មោះគណនី ពីរគឺ ប៊ុន ផាន់ណា និងឌី ណារិទ្ធ ហើយខ្លួនមានឈ្មោះគណនី សឺរ៉ូ ។ ជនជាប់ចោទបន្តថា ពួកខ្លួនមានគ្នីគ្នារាប់ ពាន់នាក់ដែលប្រើប្រាស់ឈ្មោះមិនពិត នៅក្នុងគណនីបណ្ដាញសង្គម (Facebook) ហើយពួកគេមិនដែលស្គាល់គ្នាពីមុនមកទេ ហើយក៏មិនដែលស្គាល់មុខគ្នាដែរ។
ទោះជាយ៉ាងក្តី តំណាងអយ្យការបានចោទប្រកាន់ជនជាប់ចោទទាំងពីរពីបទចូលទៅដល់ ឫស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្ត នៃទិន្នន័យ និងបង្កើតជាឧបសគ្គដល់ដំណើរការនៃប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្ត នៃទិន្នន័យ តាមមាត្រា ៤២៧ និង៤២៨ នៃក្រមព្រហ្មទណ្ឌ។ ទីបំផុតតុលាការបានសម្រេចលើកពេលប្រកាសសាលក្រម លើសំណុំរឿងនេះ ថ្ងៃទី១៨ខែកញ្គា ឆ្នាំ២០១៤ ខាងមុខ វេលាម៉ោង ៨ ព្រឹក ៕
No comments:
Post a Comment