Windows 7 គឺជាប្រព័ន្ធប្រតិបត្តិការដ៏ល្បីល្បាញមួយរបស់ក្រុមហ៊ុនយក្ស Microsoft ដែលទទួលបានការគាំទ្រយ៉ាងច្រើន និងទទួលជោគជ័យយ៉ាងធំធេងពីសំណាក់អ្នកប្រើប្រាស់កុំព្យូទ័រពាសពេញពិភពលោក ដោយវាត្រូវបានកែប្រែថ្មីស្រឡាងខុសប្លែកពី Windows Vista ដែលមិនសូវជាពេញនិយមប៉ុន្មានឡើយ។ ជាក់ស្ដែង Windows 7 ជំនាន់ SP1 ចាប់ផ្ដើមមានវត្តមានជាលើកដំបូងបំផុតកាលពីថ្ងៃទី 22 ខែ កុម្ភះ ឆ្នាំ 2011 មកម្លេះ ហើយបន្ទាប់មកទៀត Microsoft ប្រកាសចេញ Windows 8 និងបន្តប្រកាសចេញ Windows 8.1 នាថ្ងៃទី 18 ខែ តុលា ឆ្នាំ 2013 កន្លងទៅ ដោយវាក៏ស្ថិតនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows ដែលទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អ្នកប្រើប្រាស់ ព្រោះមិនត្រឹមតែកុំព្យូទ័រប្រភេទ Laptop និង Desktop នោះទេ ដែលអាចប្រើប្រាស់ Windows 8.1 បាន សូម្បីតែថេប្លេត និងកុំព្យូទ័រកូនកាត់ក៏អាចប្រើប្រាស់បានដូចគ្នា ជាហេតុធ្វើអោយ Microsoft ចំនេញប្រាក់បានយ៉ាងច្រើនសន្ធឹកសន្ធាប់។
បើគិតចាប់ពីថ្ងៃប្រកាសចេញ Windows 7 ជាផ្លូវការរហូតមកដល់ខែ វិឆ្ឆិកា ឆ្នាំ 2014 នេះឃើញថាវាមានអាយុកាលជិត 4 ឆ្នាំទៅហើយ ក្នុងនោះមានកុំព្យូទ័រជាច្រើនលានគ្រឿងណាស់មកហើយបានផ្លាស់ប្ដូរពីការប្រើប្រាស់ Windows 7 ទៅកាន់ 8 និង 8.1 អស់ទៅហើយ តែក៏នៅមានកុំព្យូទ័រយ៉ាងច្រើនគ្រឿងផ្សេងទៀតបានកំពុងដំណើរការដោយ Windows 7 ដែលចំនួនទាំងនោះគិតតែពី Windows មាន License ត្រឹមត្រូវស្របច្បាប់ប៉ុណ្ណោះ។ ដោយសាតែអាយុកាលរបស់ Windows 7 រាងចាស់ទៅហើយនោះ Microsoft កាលពីសប្ដាហ៍មុននេះបានបញ្ឈប់ការលក់ Windows 7 ហើយ ដោយរាប់បញ្ចូលជំនាន់ Home Basic, Premium និង Ultimate ក៏ដូចជាចំនួនលក់អស់ពីស្ដុក ហេតុនេះសម្រាប់អ្នកដែលចង់ទិញ Windows 7 មាន License ត្រឹមត្រូវតាមច្បាប់គឺពុំមានឱកាសទិញយកវាមកប្រើប្រាស់នោះទេ។ ក៏ប៉ុន្តែសម្រាប់ Windows 7 ជំនាន់ Professional ដែលនៅមានលក់នៅក្នុងទីផ្សារនៅឡើយ ហេតុនេះអ្នកអាចរកជាវ Windows 7 Professional បានរហូតដល់ឆ្នាំ 2015 ក្រោយនេះ តែសម្រាប់ជំនាន់ទាំង 3 ខាងលើគឺអស់គ្មានសល់ ហើយក៏ដល់ពេល Windows 7 ទាំងនោះចូលនិវត្តិផងដែរ គ្រាន់តែ Microsoft មិនទាន់ប្រកាសចេញជាផ្លូវការ នេះក៏ប្រហែលជាត្រូវទុកអោយ Windows 7 ដំណើរការបានប៉ុន្មានឆ្នាំទៅមុខទៀត។
សូមបញ្ជាក់ប្រាប់ប្រិយមិត្តអោយបានដឹងបន្ថែមផងដែរថា Windows 7 ត្រូវបានបញ្ឈប់ការលក់កាលពីឆ្នាំ 2013 កន្លងទៅ តែចរាចរណ៍ទីផ្សាររបស់ Windows 7 នៅមិនទាន់លក់ដាច់អស់ ចំនែករោងចក្រផលិតកុំព្យូទ័រនៅតែអាចបំពាក់ Windows 7 អោយដំណើរការជាមួយកុំព្យូទ័រថ្មីៗរបស់ពួកគេបានដោយទិញ License ពី Microsoft ផ្ទាល់ តែចាប់ពីសម្ដាហ៍មុនមកក្រុមហ៊ុនផលិតកុំព្យូទ័រទាំងនោះក៏គ្មានសិទ្ធប្រើប្រាស់ ឬដាក់អោយ Windows 7 ដំណើរការលើកុំព្យូទ័រពួកគេផងដែរ គឺមានតែ Windows 8 និង 8.1 តែប៉ុណ្ណោះ ហេតុនេះនៅពេលអ្នកទិញកុំព្យូទ័រថ្មីៗស៊េរីចុងឆ្នាំ 2014 ឡើងទៅ ដែលមាន Windows License ទាំងអស់គឺវាត្រូវបំពាក់មកជាមួយ Windows 8 ឬ 8.1 ដោយពុំមាន Windows 7 ទៀតឡើយ។
សរុបសេចក្ដីមក Microsoft បានបញ្ឈប់ការលក់ Windows 7 Home Basic, Premium និង Ultimate របស់ខ្លួនហើយ ចំនែកជំនាន់ Professional នៅមានមួយៗ ចំនែកក្រុមហ៊ុនផលិតកុំព្យូទ័រវិញក៏ពុំអាចដាក់អោយ Windows 7 គ្រប់ជំនាន់ជា Default OS ដំនើរការលើកុំព្យូទ័ររបស់ខ្លួនដែរ គឺមានសិទ្ធតែដាក់ Windows 8 និង 8.1 ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយសម្រាប់នៅស្រុកខ្មែរយើង បើទោះបីជាគ្មាន Windows 7 លក់ក៏យើងអាច Download យក Windows ដែលត្រូវបានគេ Cracked រួចមកប្រើប្រាស់បានដូចគេដូចឯងពុំចាំបាច់ទិញ License ក៏បាន ហើយក៏មិនខុសច្បាប់អ្វីនោះដែរ ហេតុនេះរាល់បញ្ហាការឈប់លក់ អស់ពីស្តុក ក៏ដូចជាការចូលនិវត្តិរបស់ Windows គឺមិនមែនជារឿងធំដុំ ធ្វើអោយយើងឈឺក្បាលឡើយ។



No comments:
Post a Comment