ក្រោយពេល Apple បានទិញក្រុមហ៊ុន Beats Audio ក្នុងចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់រួចមក ក្រុមហ៊ុននេះបានប្រកាសចេញកាសស្ដាប់ត្រចៀកជំនាន់ថ្មីមួយម៉ូឌែលគឺ Beats Solo 2 មានរូបរាង និងសមត្ថភាពល្អជាងមុនដើម្បីកើបយកសាច់ប្រាក់ខ្លះៗមកវិញ។ ក៏មិនបង្អង់យូរផងដែរ Apple កាលពីម្សិលមិញក្ដៅៗនេះបានប្រកាសចេញកាសស្ដាប់ត្រចៀកថ្មីមួយថែមទៀត ដែលវាគឺជាជំនាន់ទី 2 ផងដែរគឺ PowerBeats2 ជាមួយនឹងការកែប្រែថ្មីខុសពីជំនាន់ទី 1 ខ្លាំងមែនទែន។
PowerBeats2 ជាកាសស្ដាប់ត្រចៀកបានកែប្រែចេញពី PowerBeasts1 ដោយវាគឺជាកាស Wireless inner-ear លើកដំបូងបំផុតក្នុងត្រកូល Inner-ear របស់ Beats ដោយអ្នកប្រើប្រាស់អាចប្រើវាបានដោយពាក់ជាប់ត្រចៀកហើយស៊កចូលក្នុងប្រហោងត្រចៀក ហើយពាក់នៅនឹងក ជាមួយសម្លេងពិរោះបុកបាសតាមរយៈប្រព័ន្ធ Wireless ដោយពុំចាំបាច់ភ្ជាប់វាទៅនឹងស្មាតហ្វូន ឬឧបករណ៍ស្ដាប់តន្ត្រីអ្វីផ្សេងទៀតឡើយ។ រចនាបថរបស់វាកាន់តែស្រស់ស្អាត បង្កើតឡើងពីវត្ថុធាតុដើមមានគុណភាពខ្ពស់ធ្វើអោយវាមានគុណភាពខ្ពស់ក្នុងចំណោមកាសល្បីៗក្នុងលោក ជាងនេះទៅទៀតវាមាន 2 ពណ៌សម្រាប់ជ្រើសរើសគឺ ខ្មៅលាយក្រហម និងពណ៌សលាយប្រផេះ ភ្ជាប់មកជាមួយប៊ូតុងបញ្ជាតូច 1 នៅលើខ្សែសម្រាប់បញ្ជាទៅលើការស្ដាប់តន្រ្តី ឬបន្ថែមបន្ថយសម្លេងជាដើម។
កាន់តែពិសេសជាងនេះទៅទៀតនោះ PowerBeats2 មានសមត្ថភាពការពារញើស និងទឹកបានយ៉ាងល្អ ចំនែកកម្លាំងថ្មអាចប្រើប្រាស់បានដល់ទៅ 6 ម៉ោងសម្រាប់ថ្មពេញ 100% និងសាកថ្ម 1 ម៉ោងអាចប្រើប្រាស់បាន 15 នាទី។ Beats ក៏បានបញ្ជាក់ប្រាប់អំពីគុណភាពសម្លេងរបស់វាផងដែរ ដោយវាមានមុខងារផ្ដល់សម្លេងជាប្រភេទ Acoustics និង Premium ធ្វើអោយការស្ដាប់តន្រ្តីរបស់អ្នកពិរោះអស្ចារ្យ តែវាក៏មិនមានមុខងារការពារសម្លេងរំខានពីផ្នែកខាងក្រៅបានដែរ បានន័យថា បើអ្នកប្រើប្រាស់វានឹងឭសម្លេងរំខានពីផ្នែកខាងក្រៅ។
កាសស្ដាប់ត្រចៀកជំនាន់ថ្មីនេះនឹងមានដាក់លក់នៅក្នុងតម្លៃ 199.95$ អាមេរិច តែ Apple នៅមិនទាន់ប្រកាសប្រាប់ថាថ្ងៃណាវានឹងមានវត្តមាននៅក្នុងទីផ្សារពេញលេញនោះទេ។ ចំនែកស្រុកខ្មែរយើងបើចង់ទិញយកមកប្រើប្រាស់ក៏ប្រហែលជាត្រូវចំនាយដល់ទៅ 250$ ផងក៏មិនដឹងដើម្បីជាវកាសនេះយកមកប្រើប្រាស់ ដោយសារតែតម្លៃពន្ធ និងសេវាកម្មថ្លៃ។
.jpg)
.jpg)
.jpg)

No comments:
Post a Comment