ព្រឹត្តិការណ៍បារខែម​ភ្នំពេញ​ដ៏​ធំ​ប្រចាំ​ឆ្នាំ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ស្អែក​នេះ​ហើយ! ចូលរួម​ទាំងអស់គ្នាណា!

បារខែមភ្នំពេញ គឺជាព្រឹត្តិការណ៍​ប្រមូល​ផ្តុំ​អ្នក​មាន​បទ​ពិសោធន៍​ក្នុង​វិស័យ​អាជីវកម្ម និង​បច្ចេក​វិទ្យា ក្នុង​គោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធន៍​ដល់​សិស្ស និស្សិត អ្នក​អាជីព បុគ្គលិក​ក្រុមហ៊ុន និង​អង្គការ​ជាតិ និង​អន្តរជាតិ​នានា។ នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ​បំផុត​ប្រចាំ​ឆ្នាំ និង​មិន​គួរ​ខក​ខាន​ចូលរួម​ផង​ដែរ ព្រោះ​អី​ប្រធាន​បទ​ដែល​វាគ្មិន​មាន​ជំនាញ​ជា​ច្រើន​រូប​នឹង​លើក​យក​មក​ចែក​ចាយ ផ្តល់​បទ​ពិសោធន៍​ដល់​អ្នក​ទាំង​អស់​គ្នា​នោះ គឺ​ទាក់​ទង​នឹង​បច្ចេក​វិទ្យា​ថ្មីៗ ចំណេះ​ដឹង​អ៊ីនធឺណែត ពត៌មាន​សង្គម និង​សហគ្រិន​ភាព​ជាដើម។


ហេតអ្វីបានជាអ្នកទាំងអស់់គ្នាត្រូវចូលរួមព្រឹត្តិការណ៍នេះទៅ?

ដូចដែលយើងបានជម្រាបជូនរួចហើយថា នេះ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​ធំ ហើយ​ក៏​ពិសេស​បំផុត​មួយ សម្រាប់​អ្នក​ទាំង​អស់​គ្នា ក្នុង​ការ​ទទួល​បាន​បទ​ពិសោធន៍​ថ្មីៗ​ពី​អ្នក​មាន​បទ​ពិសោធន៍​ជា​ច្រើន។ ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា​បាន​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​នេះ វា​ប្រៀប​បាន​ដូច​ជា​យើង​បាន​ចូល​រួម​វគ្គ​សិក្សា​ពិសេស​ខ្លី​មួយ​អញ្ចឹង​ដែរ ហើយ​អ្នក​ដែល​បង្រៀន​យើង​គឺ​ជា​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ខ្ពស់ និង​ជំនាញ​ច្បាស់​លាស់​ថែម​ទៀតផង។
សម្រាប់ព្រឹត្តិការណ៍បារខែមភ្នំពេញ ឆ្នាំ 2014 នេះ វា​នឹង​ប្រពឹត្ត​ទៅ​រយៈពេល 2 ថ្ងៃ ចាប់​ពី​ថ្ងៃ​សៅរ៍ ទី១៣ នេះ​រហូត​ដល់​ថ្ងៃ​អាទិត្យ​ទី ១៤ កញ្ញា នៅ​វិទ្យាស្ថាន​បច្ចេក​វិទ្យា​កម្ពុជា ( ITC តិចណូ) ដែល​មាន​ទីតាំង​នៅ​ជាប់​សកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ។ ប្រធាន​បទ​ដែល​គេ​នឹង​លើក​យក​មក​ធ្វើ​បទ​បង្ហាញ​នោះ​គឺ​មាន​ជាង 100 ប្រធាន​បទ បែង​ចែក​តាម​ផ្នែក​ផ្សេងៗ​គ្នា ដូច​ជា​ផ្នែក​អភិវឌ្ឍន៍​កម្មវិធី (ទូរស័ព្ទ កុំព្យូទ័រ) ផ្នែក​ច្នៃ​ប្រឌិត​បច្ចេក​វិទ្យា​ថ្មីៗ បច្ចេក​ទេស​ទំនាក់​ទំនង និង​ការ​ប្រើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ផ្សេងៗ។ ក្នុង​នោះ​នឹង​មាន​ការ​ចូលរួម​ដោយ​វាគ្មិន​ដែល​មាន​ជំនាញ និង​បទ​ពិសោធន៍​មក​ពី​ស្ថាប័ន​ប្រមាណ 95 ដូចជា Google, Mozilla Firefox, Wikipedia, Development Innovations, Online ជាដើម។
ក្នុងកម្មវិធីបារខែមភ្នំពេញ មានបន្ទប់​ចំនួន ១០ សម្រាប់​ធ្វើ​បទ​បង្ហាញ ហើយ​បទ​បង្ហាញ​នីមួយៗ​មាន​រយៈពេល ១ម៉ោង និង​ក្នុង​មួយ​ថ្ងៃ​កម្មវិធី​ដំណើរ​ការ ៦ម៉ោង គឺ​មាន​ពី​ម៉ោង ៩:០០-១០:០០ព្រឹក, ១០:០០-១១:០០ព្រឹក, ១១:០០-១២:០០ព្រឹក, ២:០០-៣:០០រសៀល, ៣:០០-៤:០០រសៀល និង ៤:០០-៥:០០រសៀល។ អ្នក​ចូលរួម​ត្រូវ​ពិនិត្យ​មើល និង​ស្វែង​រក​ប្រធាន​បទ​ដែល​ខ្លួន​ពេញ​ចិត្ត​ដើម្បី​ចូលរួម​ស្ដាប់ និង​សិក្សា។ ដើម្បី​ស្វែង​រក​ប្រធាន​បទ​អ្នក​ចូលរួម អាច​មើល​នៅ​លើ​ផ្ទាំង​តារាង​ប្រធាន​បទ​ដែល​អ្នក​រៀប​ចំ​កម្មវិធី​បាន​បិត​ក្នុង​បរិវេណ​កម្មវិធី រឺ​ក៏​អាច​មើល​បាន​តាម​រយៈ​ទូរស័ព្ទ​ដៃ​របស់​អ្នក ដោយ​គ្រាន់​តែ​ដោនឡូដ​កម្មវិធី Barcamp Cambodia ពី Playstore រឺ Appstore។
សូមកុំភ្លេចចូលរួមអោយបានច្រើន​កុះ​ករ​ណា ព្រោះ​អី​វា​គឺ​ជា​ព្រឹត្តិការណ៍​ដ៏​ធំ និង​មាន​តែ​ម្តង​គត់​ក្នុង​មួយ​ឆ្នាំ។ បារខែម​ចាប់​ផ្តើម​ប្រពឹត្ត​ទៅ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ 2008 មក​ម្ល៉េះ ដែល​ដំបូង​ឡើយ​មាន​អ្នក​ចូលរួម​មិន​ដល់​មួយ​រយ​នាក់​ផង ហើយ​មក​ដល់​ពេល​នេះ​វា​បាន​កើន​ឡើង​ដល់​រាប់​ពាន់​នាក់​ហើយ។ នៅ​ក្នុង​ឆ្នាំ 2014 នេះ យើង​សង្ឃឹមvថា​នឹង​មាន​វត្តមាន​សិស្ស​និស្សិត បុគ្គលិក​ក្រុមហ៊ុន នានា​បាន​ចូលរួម​កាន់​តែ​ច្រើន​កុះ​ករ​ឡើង ព្រោះ​នេះ​គឺ​ជា​សញ្ញាណ​នៃ​ភាព​រីក​ចម្រើន​ក្នុង​វិស័យ​បច្ចេក​វិទ្យា ចំណេះ​ដឹង និង​អាជីវកម្ម​នៅ​ប្រទេស​កម្ពុជាយើង។


No comments:

Post a Comment